VOA: បណ្តាញ​សង្គម​​នាំ​ឲ្យ​អ្នក​នយោបាយ​និង​អ្នក​បោះឆ្នោត​ខិត​ជិត​គ្នា

លោក ឡាច វណ្ណៈ មន្ត្រីសម្របសម្រួលគម្រោង«សិទ្ធិ»របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិងកញ្ញា កែវ គូនីឡា អ្នកប្រឹក្សាខាងប្រព័ន្ធផ្សព្វផ្សាយនិងជាអ្នកសរសេរប្លុក (គេហទំព័រផ្ទាល់ខ្លួន)
លោក ឡាច វណ្ណៈ មន្ត្រីសម្របសម្រួលគម្រោង«សិទ្ធិ»របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិងកញ្ញា កែវ គូនីឡា អ្នកប្រឹក្សាខាងប្រព័ន្ធផ្សព្វផ្សាយនិងជាអ្នកសរសេរប្លុក (គេហទំព័រផ្ទាល់ខ្លួន)

វ៉ាស៊ីនតោន៖ អ្នកជំនាញ​វ័យក្មេង​ខាង​ប្រព័ន្ធ​អ៊ីនធឺណិត​ពីរ​រូប​និយាយ​ថា បណ្តាញ​សង្គមដូច​ជា​ហ្វេសប៊ុក (Facebook) ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ ហើយ​បាន​នាំ​ឲ្យអ្នក​បោះឆ្នោត​និង​អ្នក​នយោបាយ​កាន់ត​តែ​ខិត​ជិត​គ្នា​ជាង​ការ​បោះឆ្នោត​មុនៗ។

កញ្ញា កែវ គូនីឡា អ្នក​ប្រឹក្សា​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ជា​អ្នក​សរសេរ​គេហទំព័រ​ប្លុក (blog) ថ្លែង​នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដាថា​ ខុស​ពី​ការ​ឃោសនា​បោះឆ្នោត​លើក​មុនៗ​ លើក​នេះ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ធ្វើ​ឲ្យ​គណបក្ស​អាច​ផ្សាយ​គោល​នយោបាយ​ខ្លួន​ផង និង​ទទួល​មតិ​យោបល់​ពី​អ្នក​គាំទ្រ​ដោយ​ផ្ទាល់​តែ​ម្តង​ចំពោះ​គោល​នយោបាយ​ទាំង​នេះ។

កញ្ញា គូនីឡា​ពន្យល់​ថា៖ «ពេល​ដែល​គាត់​មាន​ Facebook ហ្នឹង​ គឺ​ធ្វើ​ឲ្យទំនាក់ទំនង​រវាង​អ្នក​គាំទ្ររបស់​គាត់ (…) អាច​មាន​ឱកាស​ឆ្លើយ​ឆ្លង​ ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​គាត់បាន​ដាក់​ចេញ​មក​ ដូច​ជា​គោល​នយោបាយ​ជា​ដើម។ ហើយ​ខ្ញុំ​គិត​ថា ​វា​ជា​រឿង​មួយដែល​មាន​ប្រយោជន៍សម្រាប់​គណបក្ស​នានា​ក្នុង​ការ​ដែល​គាត់​ទទួល​បាន​ feedback ប្រតិកម្ម​ ឬ​មតិយោបល់​មក​វិញ។»

អ្នក​នាង​គូនីឡា​ថា គណបក្ស​នយោបាយ​អាច​ដឹង​ភ្លាមៗ​ថា​តើ​គោល​នយោបាយ​ណា​ខ្លះ​ដែល​អ្នក​បោះឆ្នោត​ពេញ​ចិត្ត ហើយ​គោលនយោបាយ​ណា​ខ្លះ​ដែល​អាច​ត្រូវ​កែសម្រួល។

គណបក្ស​ធំៗ​ទាំង​ពីរនៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ សុទ្ធ​តែ​បាន​ប្រើប្រាស់​បណ្តាញហ្វេសប៊ុក​ដើម្បី​ឃោសនា​ទាក់ទាញការ​គាំទ្រ​ពីអ្នក​ប្រើប្រាស់​ដែល​មាន​ចំនួនដល់១​លាន​អ្នក​ហើយ ហើយដែល​ភាគ​ច្រើន​ជា​យុវជន​ពី​អាយុ​១៥​ទៅ​៣០​ឆ្នាំ។ ប៉ុន្តែ​ដោយ​គណបក្ស​ប្រឆាំង​មិន​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូលំទូលាយ​ដូច​ជា​វិទ្យុ​និង​ទូរទស្សន៍ អ្នក​នយោបាយនិង​សកម្មជន​ប្រឆាំងជា​ពិសេស​គឺ លោក សម រង្ស៊ី និង​លោក កឹម សុខា ហាក់​ដូចជា​មាន​សកម្មភាព​ច្រើន​ជាង​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក។

ជាក់​ស្តែង​លោក​ សម រង្ស៊ី បាន​សង្កត់​ធ្ងន់​ពី​វត្តមាន​របស់​លោក​ក្នុង​បណ្តាញ​សង្គម​នេះ ហើយ​កាល​ពី​ខែ​មិថុនា លោក​បាន​ប្រកាសពី​ជ័យ​ជម្នះ​របស់​លោក​លើ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដោយ​សារ​ទំព័រ​ Facebook របស់​លោក​មាន​ការ​គាំទ្រ​ច្រើន​ជាង​ទំព័រ​លោក​ ហ៊ុន សែន។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​នៅ​ក្រោយ​ការ​ឈ្នះ​នេះ ដែល​ពេល​នោះ​លោកសម រង្ស៊ី​ នៅ​និរទេស​ខ្លួន​ឯ​ក្រៅ​ប្រទេស​នៅ​ឡើយ លោក​ក៏​បាន​កត់​សម្គាល់​ពីលទ្ធភាព​នៃ​ការ​រក្សា​ភាព​ជិត​ស្និទ្ធ​ជាមួយ​អ្នកគាំទ្រនៅ​គ្រប់​ទី​កន្លែងដោយសារ​បណ្តាញ​សង្គម​នេះ។

«បើ​យើង​នៅ​ទី​កន្លែង​ណា​មួយ យើង​នៅ​តែ​មួយ​កន្លែង​ទេ។ តាម​រយៈ​ Facebook នេះ ក្នុង​ពេល​ដដែល យើង​អាច​នៅ​មួយ​ពាន់ មួយ​ម៉ឺន មួយ​សែន មួយ​លាន​កន្លែង។ យើង​ចូល​ទៅ​ដល់​ផ្ទះ​គេ គេ​ចង់​មើល​យើង គេ​ចង់​ស្តាប់​យើង​ យើង​ដូច​ថា​មាន​ភាព​ស្និទ្ធ​ស្នាល​ទៅ​ដល់​កន្លែង​គេ​រស់​នៅ កន្លែង​គេ​ធ្វើ​ការ​ ពេល​គេ​ធ្វើ​ដំណើរ​ ពេល​គេ​កម្សាន្ត គឺ​ដល់ស្ទើរ​ទៅ​ចូល​ផ្ទះ​គេ ហើយ​បើ​គេ​ពេញ​ចិត្ត​យើង​គឺនៅ​ក្នុង​អារម្មណ៍​គេ​ជានិច្ចកាល។»

សូម្បី​ក្រោយ​ពេល​លោកបាន​ធ្វើ​មាតុភូមិ​និវត្តន៍មក​ប្រទេស​កម្ពុជា​វិញ​ហើយ​បាន​ទៅ​ឃោសនា​នៅ​តាម​បណ្តា​ខេត្ត​នានា ក៏​ទំព័រ​ Facebook របស់​លោក ដែល​ឥឡូវ​នេះ​មាន​អ្នក​គាំទ្រ​ជាង១៦០.០០០​នាក់ ​បន្តមាន​ផ្សព្វផ្សាយ​សកម្មភាព​ឃោសនារបស់​លោក​និង​គណបក្ស​សង្គ្រោះជាតិ​ច្រើន​ឡើង។

លោក ឡាច វណ្ណៈ មន្ត្រីសម្របសម្រួលគម្រោង«សិទ្ធិ»របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិងកញ្ញា កែវ គូនីឡា អ្នកប្រឹក្សាខាងប្រព័ន្ធផ្សព្វផ្សាយនិងជាអ្នកសរសេរប្លុក (គេហទំព័រផ្ទាល់ខ្លួន)
លោក ឡាច វណ្ណៈ មន្ត្រីសម្របសម្រួលគម្រោង«សិទ្ធិ»របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិងកញ្ញា កែវ គូនីឡា អ្នកប្រឹក្សាខាងប្រព័ន្ធផ្សព្វផ្សាយនិងជាអ្នកសរសេរប្លុក (គេហទំព័រផ្ទាល់ខ្លួន)
លោក ឡាច វណ្ណៈ មន្ត្រី​សម្របសម្រួល​គម្រោង​«សិទ្ធិ»​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​ថ្ងៃ​ទី​១០​ខែ​កក្កដា​ថា បណ្តាញ​សង្គម​មាន​លក្ខណៈ​ពិសេស​ខុសពីប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេង​ទៀត​ដូច​ជា​វិទ្យុ​និង​ទូរទស្សន៍​ត្រង់​ថា ​ទំនាក់​ទំនង​ក្នុង​បណ្តាញ​សង្គម​មាន​លក្ខណៈ​ទៅ​វិញ​ទៅ​មក និង​ទូលំទូលាយ។ លោក​ថា​ អ្នក​នយោបាយ​ចាប់ផ្តើម​ចាប់​អារម្មណ៍​នឹង​បណ្តាញ​សង្គម​នេះ មួយ​ផ្នែក​ដោយ​សារអ្នក​ប្រើប្រាស់​កាន់​តែ​មាន​ចំណាប់​អារម្មណ៍​នឹង​នយោបាយ​នៅ​ពេល​ខិត​ជិត​ដល់​ការ​បោះឆ្នោត។

លោកនិយាយ​ថា៖ «មួយ​រយៈ​ក្រោយ​នេះ គឺ​ដើម​ឆ្នាំ​២០១៣ ការ​ប្រើប្រាស់​ហ្វេសប៊ុក​គឺ​ខុស​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ ពី​មុន​អ្នក​ប្រើប្រាស់​ប្រើ​សម្រាប់​ការ​កម្សាន្ត​ សម្រាប់​រក​មិត្ត​ភក្តិ​ថ្មីៗ​ និង​សម្រាប់​រក្សា​មិត្តភាព (…)។ ប៉ុន្តែ​មួយ​រយៈ​ក្រោយ​នេះ​គឺ​ខ្ញុំ​សង្កេត​ឃើញ​ថា បញ្ហា​សង្គម​ជា​ច្រើន​ត្រូវ​បាន​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក លើក​យក​មក​ពិភាក្សា​ យក​មក​និយាយ ហើយ​ទាន់​ហេតុការណ៍​ទៀត។»

យ៉ាង​នេះ​ក្តី​លោក​ថា ​ទោះ​បី​បណ្តាញ​សង្គម​បង្កើតភាព​ជិត​ស្និទ្ធ​រវាង​អ្នក​នយោបាយ​និង​ការ​គាំទ្រ​ក្តី​ ក៏​មិន​ប្រាកដ​ថា ​សុទ្ធ​តែ​អាច​ក្លាយ​ជា​ការ​គាំទ្រ​លើ​សន្លឹក​ឆ្នោត​នោះ​ទេ ដោយ​សារ​មាន​កត្តា​ផ្សេងៗ​ដូច​ជា​ការ​ខក​ខាន​មិនបាន​ចុះ​ឈ្មោះ​ជា​ដើម។

ម៉្យាង​ទៀតឥទ្ធិពល​នៃបណ្តាញ​សង្គម​នេះ​មាន​កម្រិត​នៅ​តំបន់​ជនបទ​ដែលមាន​ការប្រើប្រាស់​អ៊ីធឺណិត​តិចតួច។ លោក កុយ ជា​អ្នក​ទូរស័ព្ទ​ចូល​ម្នាក់​មក​ពី​ខេត្តខេត្ត​ពោធិ៍សាត់ ជា​ឧទាហរណ៍​ម្នាក់។

លោក​បាទ​ចោទជា​សំណួរ​ថា៖ «ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់ដោយ​ដឹង​ថា យុវជន​យើង​បច្ចុប្បន្ននាំ​គ្នា​តាម​ដាន​រឿង​នយោបាយតាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត។ ប៉ុន្តែ​ខ្ញុំ​មាន​ចម្ងល់មួយ តើ​ប្រព័ន្ធ​ហ្នឹង​ តាម​យើង​មើល​ភាគរយ ប្រជាជន​យើង​តើ​ប្រើ​បាន​ប៉ុន្មាន​ភាគរយ? បើ​សិន​ជា​តាម​ជនបទ​នេះ​អត់​មាន​អ្នក​ចេះ​ដឹង​ខាង​ប្រព័ន្ធ​នេះ​ផង ជា​ពិសេស​ដូច​ជា​ខ្ញុំ​ដូច​ជាអី​នេះ។»

អ្នក​នាង​កែវ គូនីឡា​និយាយ​ថា ទោះ​បីបច្ចុប្បន្ន ការ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​តំបន់​ជនបទ​មាន​កម្រិត​ទាប​ក្តី​ ការ​រីកសាយ​កាន់​តែ​ឆាប់​នៃ​ទូរស័ព្ទ​ទំនើប​ដែល​មាន​តម្លៃ​កាន់​តែ​ថោក ធ្វើ​ឲ្យ​យុវជន​ជនបទ​អាច អាច​ «jump curve» ឬ​មាន​សន្ទុះលោក​ផ្លោះ​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិជ្ជា​ Facebook ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ។

កញ្ញា​ថ្លែង​ថា៖ «ពី​មុន​ទាល់​តែ​មាន(ខ្សែ)​អ៊ីនធឺណិត​និង​អគ្គីសនីគ្រប់គ្រាន់ទើប​ប្រើ​អ៊ីនធឺណិត​បាន ប៉ុន្តែ​ឥឡូវ​នេះ​ទូរស័ព្ទ smart phone (ទូរស័ព្ទ​ទំនើប) ដែល​មាន​តម្លៃក្រោម​១០០​ដុល្លារ​អាច​ធ្វើ​ឲ្យ​យុវជននិង​អ្នក​ចង់​ប្រើប្រាស់​អ៊ិនធឺណិត​ផ្សេងៗ​ គាត់​អាច​ប្រើ​ដោយ​មិន​មាន​តម្លៃ​ខ្ពស់​ដូច​ប៉ុន្មាន​ឆ្នាំ​មុន​ទេ។»

ម៉្យាង​ទៀតវាគ្មិន​ទាំង​ពីរ​យល់​ស្រប​ថា បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម​នេះ​អាច​មានឥទ្ធិពល​ហួស​ពីចំនួន​អ្នក​ប្រើប្រាស់​ដែល​ភាគ​ច្រើ​ន​ជា​យុវជន​ឬ​អ្នក​នៅ​ទី​ក្រុង ដោយ​សារវា​អាច​មាន​ឥ​ទ្ធិពល​មិន​ផ្ទាល់​ដល់​អ្នក​មិនប្រើប្រាស់​ Facebook។ ​លោកកុយទទួល​ស្គាល់​ថា​ថ្វី​បើ​លោក​មិន​ចេះ​ប្រើប្រាស់​ Facebook ​ ក៏​លោក​បានអំពី​បណ្តាញ​សង្គមនេះ​ពី​ក្មេងៗ។
វាគ្មិន​ថា​ការ​រួម​ផ្សំ​នៃ​កត្តា​ផ្ទាល់​និង​កត្តា​មិនផ្ទាល់​ទាំង​នេះ​ ធ្វើ​ឲ្យ​ Facebook អាច​មាន​សក្តានុពលជះ​ឥទ្ធិពល​ទៅ​ដល់​លទ្ធផល​បោះឆ្នោតមួយ​កម្រិត​ដែរ។

ក្បួន​ឃោសនា​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ខេត្ត​សៀមរាបកាល​ពី​ដើម​សប្តាហ៍​នេះ ដែល​ត្រូវ​បាន​ផ្សាយ​ក្នុង​បណ្តាញ​ Facebook ហើយបានអ្នក​គាំទ្រ​ជា​ច្រើន។ ខណៈ​ដែលសន្ទុះ​នៃ​ការ​គាំទ្រ​នេះ​បង្ហាញ​ថា​គណបក្ស​ប្រឆាំង​ហាក់​កើនប្រជាប្រិយភាព​នៅ​តំបន់​ជនបទ​ផង​ដែរ​នោះ គេ​មិន​អាច​ដឹង​ប្រាកដ​ទេ​ថា បណ្តាញ​សង្គម​និងភាព​ស្និទ្ធ​ស្នាល​ផ្នែក​នយោបាយនិងទំនាក់ទំនង​ទី​ក្រុង​និង​ជនបទ​ដែល​វា​បង្កើត​ឡើ​ង​បាន​រួម​ចំណែក​ក្នុង​កម្រិត​ណា​នោះ។ ហើយ​មាន​តែ​ការលទ្ធផល​ឆ្នោត​ខាង​មុខ​នេះ​ទេ​ដែល​ប្រហែល​អាច​បំភ្លឺ​ខ្លះ​ថា​ការ​ឃោសនា​តាម​បណ្តាញ​សង្គម​នេះ​មាន​ប្រសិទ្ធភាព​កម្រិត​ណា៕

Link: http://khmer.voanews.com/content/social-media-brings-voters-and-parties-closer-cambodia-khmer/1710960.html

Leave a Reply

Your email address will not be published. Required fields are marked *